ព័ត៌មានចំរុះ

ប៉េអឹម​ក្រុងភ្នំពេញ កាលពី​យប់​ថ្ងៃ​ទី ៤ មីនា​កន្លងទៅនេះ បាន​ចុះ​បង្ក្រាប​ក្លឹប​យីហោ CLUB WHITE  មាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​ម៉ៅ​សេទុង សង្កាត់​ទួល​ស្វាយព្រៃ​II ខណ្ឌចំការមន ដោយ​ឃាត់​មនុស្ស ១២០ នាក់ និង​ភស្តុតាង​មួយចំនួន ។​ ​លោក​ឧត្តមសេនីយ៍ទោ ​យ៉ា គឹមអ៊ី មេ​បញ្ហា​ការ​ប៉េអឹម​ក្រុងភ្នំពេញ បាន​ថ្លែង​កាលពី​រសៀល​ថ្ងៃ​ទី​៥ មីនា​នេះ​ថា នៅវេលា​ម៉ោង ១១ និង ៤៥ នាទី​យប់​ ថ្ងៃទី ៤ មីនា​នេះ កម្លាំង​ប៉េអឹមសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ក្រុងភ្នំពេញ បាន​ចុះ​បង្ក្រាប​ទីតាំង​ក្លឹប​រាំ​ស្រាត​យីហោ CLUB WHITE  ដោយ​ឃាត់​មនុស្ស​ទាំងអស់ ១២០ នាក់ ស្រី ៤៧ នាក់ ។ អ្នក​ដែល​ចូល​ទៅ​កម្សាន្ត​ជា​យុវជន​មាន​អាយុ ២៥ ឆ្នាំ​ចុះ ។ ក្នុង​ការចុះ​បង្ក្រាប​សមត្ថកិច្ច​ដកហូត​កាំភ្លើង AK មួ​យ​ដើម​, បង់​មួយ ​គ្រាប់ ៤០ គ្រាប់​, ហាត​ឌី​ស​១, អំភ្លី​មួយគ្រឿង​, ស្លាក​លេខ​រថយន្ត ខ​-​ម​ចំនួន ២, ទូ​ដែក​៥, បារី​ស៊ី​ហ្គែ​រ ១៧ ដើម និង​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ៣ កញ្ចប់​តូច ។​ ​លោក​ យ៉ា គឹមអ៊ី​ បន្តថា បន្ទាប់​ពី​មាន​ការឯកភាពពី​ព្រះរាជអាជ្ញា មនុស្ស ៩៩ នាក់ (​ស្រី ៤៧ នាក់​) ជា​ភ្ញៀវ និង​អ្នក​បម្រើ​ការត្រូងបាន​ដោះលែង គឺ​រក្សា​ទុក​តែ​មនុស្ស ២២ នាក់ (​ស្រី ៤ នាក់​) ជា​មេការ​សន្តិសុខ និង​អ្នករាំ​ស្រាត​ប៉ុណ្ណោះ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។ ម្ចាស់​ក្លឹប​ឈ្មោះ ចាន់ វិទូ ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ ពុំ​ត្រូវបាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ឡើយ ព្រោះ​ចេញទៅ​បរទេស ២ ថ្ងៃ​ហើយ ។​ ​លោក​មេ​បញ្ហា​ការ​ប៉េអឹម​រូបនេះ​បន្ត​ទៀត​ថា ក្លឹប​នេះ​បើក​រាំ​ស្រាត​ជាង ១ ខែ​មក​ហើយ ។ កម្មវិធី​រាំ​ស្រាត​ពីថ្ងៃ​ចន្ទ​ដល់​ស្រុក​ខ្មែរ​រាំ​, ពី​ថ្ងៃ​សៅ​-​អាទិត្យ​បរទេស​រាំ ។ លោក​នឹង​ចោទប្រកាន់​ពីបទ ១-​រាំ​ស្រាត ២-​ប្រើប្រាស់​កាំភ្លើង​ខុសច្បាប់ និង​៣-​ប្រើប្រាស់​គ្រឿងញៀន ។​ ​នា​ថ្ងៃ​ដដែល​នេះ​ដែរ អាជ្ញាធ​ខណ្ឌ​ដូនពេញ បាន​ចុះ​បិទ​ទី​តាំ​ខារ៉ាអូខេ ២ កន្លែង​ ដោយ​យោង​តាម​លិខិត​របស់​សាលាក្រុង​ភ្នំពេញ គឺ ១-​សណ្ឋាគារ​ភោជនីយដ្ឋាន ម៉ាស្សា ខារ៉ាអូខេ LUXURY WORLD មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ដោយ​មូលហេតុ​ហួស​សុពលភាព ។​ ២-​ខារ៉ាអូខេ កូប្រា​ហ្គោល មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ដោយ​មូលហេតុបើក​ធ្វើ​អាជីវកម្ម​ខារ៉ាអូខេ​អត់​ច្បាប់ ៕

Follow

Get every new post delivered to your Inbox.

%d bloggers like this: