វប្បធម៌ខ្មែរ

​ពិធី​ចូល​ម្លប់ និង​ចេញ​ម្លប់​របស់​កូនក្រមុំ​ខ្មែរ​

ពិធី ​ចូល និង​ចេញ​ម្លប់​កាលពី​សម័យ​ដើម​ចាត់​ថា ជា​មង្គល​មួយ​យ៉ាង​សំខាន់​សម្រាប់​ស្ត្រី​ខ្មែរ ។ បុព្វបុរស​ខ្មែរ​បង្កើត​ពិធី​សម្រាប់ឲ្យ​កូនស្រី​ចាប់អារម្មណ៍ ពី​លំដាប់ថ្នាក់​ប្រចាំ​ជីវិត ដែល​ត្រូវ​ឈានឡើង ដោយ​ឲ្យ​ប្រឹងប្រែង​តស៊ូ​ជានិច្ច ដើម្បី​វឌ្ឍនភាព ។ ប៉ុន្តែ​ជំនាន់​ក្រោយនេះ ពិធី​ចូល​ម្លប់​ចេញ​ម្លប់​លែង​មាន​ន័យ​អ្វី​ទៀត​ហើយ ។ គេ​កម្រ​ឃើញ​គ្រួសារ​ណាមួយ នៅ​ប្រកាន់​ទំនៀមទម្លាប់​នេះ​ទៀត​ណាស់ ទោះ​ជា​ខ្មែរ​នៅ​ស្រុក​សៀម ឬ​ខ្មែរ​នៅ​កម្ពុជា​ក្រោម​ក៏​ដោយ ព្រោះ​វា​ហួស​សម័យ​ទៅហើយ ។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ពិធី​ចូល​ម្លប់​ដូនតា​ធ្លាប់​គោរព​ប្រតិបត្តិ មិន​ដែល​ខាន​ចំពោះ​កូនស្រី​របស់​ខ្លួន​ដែល​ចូល​វ័យ​ក្រមុំ ។ តើ​ពិធី​នេះ​ប្រព្រឹត្តទៅ​យ៉ាងណា​ខ្លះ​នោះ អ្នកស្រី កែវ ណា​រុំ សាស្ត្រាចារ្យ​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ បាន​រៀបរាប់​ដូចតទៅ ៖  ​ឆ្លង​ពី​ថ្នាក់​កុមារី​ចូល​ដល់​វ័យ​ពេញក្រមុំ ដែល​ការកំណត់​របស់​សង្គម​ខ្មែរ គឺ​នៅ​ត្រង់​កូនស្រី​ចាប់​មាន​រដូវ​ជា​លើកទីមួយ ហើយ​គេ​និយម​ហៅ​ថា “​គ្រប់​ការ​” ។ សម្រាប់​ថ្នាក់​នេះ​នៅ​ពេល​កំពុង​ឈាន​ឡើង​នាង​មាន​លក្ខណៈ​ប្លែក​គឺ អត្តចរិត​ជួន​ឆាប់​ខឹង ជួន​អៀនខ្មាស ជួន​ចូលចិត្ត​ស្ងប់ស្ងាត់​នៅ​តែ​ម្នាក់ឯង ឬ​ព្រួយចិត្ត​ដោយ​ឥត​មូលហេតុ ។ នាង​នឹង​មាន​ការភិតិភ័យ​ណាស់ ប្រសិនបើ​ពុំ​មាន​នរណា​ម្នាក់​បាន​ពន្យល់​ប្រាប់​ជាមុន​ពី​ហេតុការណ៍​ ធម្មជាតិ ដែល​នឹង​ត្រូវ​កើតឡើង​ចំពោះ​នាង ។ នា​ទីនេះ គឺ​អ្នក​ម្តាយ​តែង​ឃ្លាំមើល​ឥរិយាបថ​របស់​កូនស្រី ដើម្បី​ពន្យល់ និង​ជួយ​រៀបចំ​គ្រឿង​ស្លៀកពាក់​ផ្សេងៗ​សម្រាប់​កូន ។ មិន​ចំពោះតែ​អ្នក​ម្តាយ​ទេ គឺ​ក្នុង​គ្រួសារ​ទាំងមូល​ត្រូវ​ជួយ​ជ្រោមជ្រែង​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត សម្រាប់​ឲ្យ​នាង​មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​ពេល​ខាងមុខ ។ នាង​នឹង​ត្រូវបំពេញ​តួនាទី​ជា​ភរិយា ហើយ​និង​ជា​ម្តាយ​ដ៏​ល្អ​សម្រាប់​សង្គម ។ ហេតុដូច្នេះ​ហើយ បានជា​គេ​រៀបចំ​ពិធី​ចូល​ម្លប់ ដើម្បី​បំពាក់បំប៉ន​ដល់​កូនស្រី​របស់​គេ មុន​នឹង​ឈាន​ចូល​ទៅ​បំពេញ​តួនាទី​ដ៏​ចម្បង​នេះ ។​
​ចូល​ម្ល

​គេ​បញ្ចូល​ម្លប់​កូនស្រី​មិន​មើល​ពេលវេលា​ទេ គឺ​សម្រេច​យក​ថ្ងៃ​ណា​មួយ ដែល​នាង​មក​រដូវ​ជា​លើកទីមួយ ។ ចំណែក​ពិធី​ក៏​មិន​មាន​រៀបចំ​អ្វី​ធំដុំ​ទេ គឺ​គ្រាន់តែ​ឲ្យ​ឪពុក​ម្តាយ​នាង​ជម្រាប​ដល់​សាច់ញាតិ​ជិតដិត ឲ្យបាន​ដឹង​កូនស្រី​ឈ្មោះ​នេះ​បាន​បញ្ចូល​ម្លប់​នៅថ្ងៃនេះ ថ្ងៃ​នោះ​ហើយ ។​
​នៅ​ថ្ងៃ​បញ្ចូល​គេ​រៀបចំ​សែនព្រេន​អុជ​ធូប​ទៀន​ជម្រាប​ដូនតា និង​ប្រកាស​ចំពោះ​វត្ថុ​ស័ក្តិសិទ្ធិ​ឲ្យបាន​ដឹង​ឮ អំពី​ការចូល​ម្លប់​របស់​កូនស្រី និង​សុំ​សេចក្តីសុខ​សប្បាយ ។ ប្រការ​សំខាន់​ត្រូវ​គិតគូរ​ពី​អ្នក​ជួយ​បម្រើ​សេចក្តីត្រូវការ​របស់​នា​ង និង​ជួយ​បណ្តុះបណ្តាល​នាង ។ សំខាន់​មួយទៀត​ត្រូវ​ត្រៀម​លក្ខណៈ​សម្រាប់​ថ្ងៃ​បញ្ចេញ​ម្លប់ ដោយ​មាន​បម្រុង​គ្រឿង​ហូបចុក សម្រាប់​លៀងភ្ញៀវ​ដែល​ត្រូវ​មក​ចូលរួម​ពិធី ។​
​     ​ការត្រៀម​លក្ខណៈ​នេះ ស្រុក​ខ្លះ​គេ​ដាំ​ចេកណាំវ៉ា​ជា​និមិត្តរូប គឺ​ប្រារព្ធ​ពិធី​បញ្ចេញ​ម្លប់​នៅពេល​ផ្លែ​ចេកទុំ​ខ្លះ ទៀត​គេ​ចិញ្ចិម​មាន់ ទា​ជាដើម​ទៅតាម​លទ្ធភាព​ក្នុង​គ្រួសារ ។ ពេលវេលា​នៃ​ការចូល​ម្លប់​មិនមាន​កំណត់​ទេ គឺ​យោង​ទៅតាម​ធនធាន​នៃ​គ្រួសារ អ្នក​ខ្លះ​ចូល​ក្នុង​រយៈពេល​មួយ​សប្តាហ៍ ខ្លះ​ទៀត​រហូតដល់​មួយ​ឆ្នាំ​ក៏មានដែរ ។​

​​ភារកិច្ច​នៅ​ពេល​ចូល​ម្លប់​
​     ​ពេល​ចូល​ម្លប់ គឺជា​ពេល​ដែល​កូនស្រី​ខ្មែរ​ត្រូវ​ទទួល​ការសិក្សា​ពី​ក្បួនច្បាប់​ទូន្មាន​ ល្អៗ ជាពិសេស​ច្បាប់​ទូន្មាន​ស្រី ។ ច្បាប់​នេះ​ចែង​ពី​តួនាទី​របស់​ស្រី​ក្នុង​ការរស់នៅ ។ លោក​ចែងថា សេចក្តីសុខ និង​សុភមង្គល​ក្នុង​គ្រួសារ​មួយ​ភាគ​ធំ​ស្ថិតនៅ លើ​ស្រី​ជា​អ្នក​កំណត់ ។ ដូច្នេះ​គេ​ត្រូវ​ឲ្យ​នាង​ទន្ទេញ​ចាំ​ស្ទាត់ ដើម្បី​ទុក​អនុវត្ត​តាម​លំ​អាន​ដែល​ក្បួន​បាន​ចែង ។ ក្រៅ​ពី​ការសិក្សា​ក្បួនច្បាប់​នាង​ត្រូវ​រៀន​ធម៌ ។ ប្រសិនបើ​សុខភាព​នាង​ធានា​ត្រូវ​កាន់សីល ១០ ដើម្បី​កាន់​ចិត្ត​អំណត់ ខន្តី​ដូច​ដូនជី​ដែរ ។ ក្នុង​ជីវភាព​ដូនជី​នាង​ត្រូវ​ហូបចុក​ម្ហូប​បួស ហើយ​កំណត់ពេល​ម៉ោង​ដូច​ព្រះសង្ឃ​ដែរ ។ នាង​មាន​តំណម​លើស​ដូនជី ដោយ​មិន​ត្រឹមតែ​មិន​ឲ្យ​ប្រុសៗ​ឃើញ​ប៉ុណ្ណោះ​ទេ គឺ​មិន​អនុញ្ញាត​ឲ្យ​និយាយ​ឆ្លើយឆ្លង​រក​ប្រុស​ទៀត ។ នាង​ត្រូវ​តស៊ូ​សម្ងំ​នៅ​តែ​ក្នុង​បន្ទប់​ពិសេស​មួយ ដើម្បី​ត្រង​ស្តាប់​នូវ​វិជ្ជា​មេផ្ទះ ស្តី​ពី​ការរស់នៅ​ក្នុង​គ្រួសារ ចំពោះ​សាច់ញាតិ​ផ្ទាល់ ឬ​ញាតិ​ជិតខាង ពិសេស​អាកប្បកិរិយា​ចំពោះ​ប្តី ។ ជាមួយគ្នា​នោះ​ក៏​ត្រូវ​រៀន​វិជ្ជា​ធ្វើ​ម្ហូប វិជ្ជា​តម្បាញ ការរៀបចំ​ផ្ទះ សម្បែង និង​ការអប់រំ​កូនចៅ​ជាដើម ។ ភារកិច្ច​ម្យ៉ាងទៀត​ត្រូវ​ថែទាំ​សាច់ ដោយ​ត្រូវ​លា​បរមៀត​សព្វ​ខ្លួនប្រាណ ដៃជើង​ឲ្យមាន​សម្បុរលឿង​ស្រស់​ផូរផង់ ។​

​នៅ​ពេល​ចេញ​ម្លប់​
​     ​ពិធី​ចេញ​ម្លប់​នេះ​មាន​លក្ខណៈ​ពិធី​ច្រើនយ៉ាង​ណាស់​ខុសពី​ពិធី​ចូល​ម្លប់ ។ ប៉ុន្តែ​វត្ថុបំណង​គឺ​បំពេញ​លក្ខណ៍​គម្រប់​ឲ្យ​កូនស្រី ។ ឆ្លង​តាម​រយៈកាល​បញ្ចូល​ម្លប់​គ្រប់​តាម​កាល​កំណត់​ហើយ មាតា បិតា នៃ​កូនស្រី បាន​រើស​រក​ពេលវេលា​សម្រាប់​បញ្ចេញ​ម្លប់​កូនស្រី ។ ពេល​ដឹង​ថ្ងៃ​ជោគ​សិរី​មង្គល​ហើយ គ្រួសារ​ទាំងអស់​រវល់​ដើររក​ភស្តុភារ និង​អញ្ជើញ​ញាតិមិត្ត​ដូច​រៀប​មង្គលកា​រដែរ ។ កម្មវិធី​នៃ​ដំណើរការ​នេះ​មាន​រយៈពេល​ពីរ​ថ្ងៃ​មួយ​យប់ ។​
​នៅ​ថ្ងៃ​ ដំណើរការ​ដំបូង​ចាប់ពី​ពេល​ព្រឹក​រហូតដល់​ថ្ងៃត្រង់ មានតែ​ការទទួល​ញាតិ​មិត្ត​ជិតខាង​និង​ការលៀង​ភោជនាហារ​ប៉ុណ្ណោះ ។ ប៉ុន្តែ​ចាប់ពី​ពេល​រសៀល​ទៅ​មាន​ពិធី​ជា​ហូរហែ​បន្តបន្ទាប់​ដូចជា ៖

​    ​ពិធី​កាត់សក់ ៖ ជា​លើកដំបូង​បំផុត គឺ​ត្រូវ​បញ្ចេញ​កូនស្រី​មក​កាត់សក់ ។ គឺ​ទើប​ចេញពី​បន្ទប់​នៅក្នុង​ផ្ទះ​ដែល​ចូល​ម្លប់ ។ បន្ទាប់​ពី​ការ​កាត់សក់​លាប​ប្រេង​ម្សៅ​ហើយ នាង​ត្រូវ​វិល​ចូល​ទៅក្នុង​បន្ទប់​វិញ ។ ពេល​កាត់សក់​ភ្លេង​កំដរ នូវ​បទ​សារិកាកែវ ។​
​    ​ពិធី​សូត្រមន្ត ៖ សាច់ញាតិ​ជា​ស្ត្រីភេទ​ម្នាក់ ដែល​ត្រូវបាន​ទទួលស្គាល់ថា ខ្ពង់ខ្ពស់​មាន​ចរិយា​សម្បត្តិ​ល្អ ត្រូវ​ទៅ​បន្ទាប​ដឹក​ដៃ​នាង​ឲ្យចេញ​មក​ទទួល​ទឹកមន្ត និង​ធម៌​លើករាសី​ពី​ព្រះសង្ឃ ។​

​    ​ពិធី​សែនព្រេន ៖ នៅពេល​ព្រលប់​រៀបចំ​ពិធី​សែនដូនតា​ម្ចាស់​ទឹក​ម្ចាស់​ដី ។​
​    ​ពិធី​បុកល័ក្ត ៖ ពិធី​នេះ​គេ​ធ្វើ​នៅពេល​យប់ បន្ទាប់​ពី​ការ​ពិសា​អាហារ​ហើយ ដែល​ប្រកបដោយ​ពិធី​ជា​ហូរហែ​បន្តបន្ទាប់​ទៀត ៖
​    ​ពិធី​ទៅរក​ល័ក្ត ៖ ពិធី​នេះ​ដំណើរការ​ដោយ​អ្នកភ្លេង​ជា​របៀប​កំប្លែង​ធ្វើជា​ទៅរក​ល័ក្ត​ ក្នុងព្រៃ​ជួប​សត្វ​តាឱ​ដេញ ទិច​ស្ទុះ​រត់​ច្រឡោត​ជាន់​គ្នា​រញ៉េរញ៉ៃ ។​

​    ​ពិធី​កាត់​ត្បាល់ ៖ ពិធី​នេះ​ដំណើរការ​ដោយ​សារ​អ្នកភ្លេង​ដែរ គេ​ធ្វើ​ជា​ទៅ​ក្នុង​ព្រៃ​រក​ឈើ​ល្អ​មក​ធ្វើ​ត្បាល់​ថ្មី ស្រប​តាម​កូនស្រី​ដែល​ចេញពី​ម្លប់​ដែរ ។​
​    ​ពិធី​បុកល័ក្ត ៖ ពិធី​នេះ​ធ្វើឡើង​ដើម្បី​យក​ល័ក្ត​មក​ធ្វើ​ធ្មេញ​បំពេញ​លក្ខណ៍​ឲ្យ​កូនស្រី ។ គេ​ឲ្យ​កុមារី​ព្រហ្មចារី ៤ នាក់ មក​បក​ក្រមរ​ល័ក្ត​ចេញពី​មែកឈើ រួច​ប្រគល់​ជូន​តា​អាចារ្យ​ទៅ​ដាក់​ក្នុង​ត្បាល់ ហើយ​អ្នកភ្លេង​ជា​អ្នកដើរតួ​បុកល័ក្ត​រហូត​ដល់​ល្អិត ទើប​កាយ​ដាក់​ផ្តិល​ប្រគល់​ជូន​តា​អាចារ្យ​វិញ ។​

អាសនៈ​ពិធី​ធ្វើ​ធ្មេញ​, គំនូ​រស​.​វ​.​ទី​១៩ សារមន្ទីរ​អា​ឡាំង​សុខ (​បារាំង​)​

ពិធី​ធ្វើ​ធ្មេញ ៖ តាអាចារ្យ​យក​ល័ក្ត​ទៅ​ដាំ​ស្ងោរ​នៅ​កណ្តាល​ផ្ទះ​ជាមួយ​សម្បក​ស្បែ​ង និង​ផ្លែ​សំបួរមាស ។ ស្ងោរ ដោយ​ឆ្នាំង​ថ្មី ចង្ក្រាន​ថ្មី ដោយ​រម្ងាស់​ចេញ​ជាតិ​ពណ៌​ក្រហម​ស្រស់ បាន​យក​ទៅឲ្យ​សាមីខ្លួន​ស្រី​បៀម ។ នៅពេល​មាន​ចំហាយ​ទឹក​អាចារ្យ​យក​សំឡី​ផ្តិត​ចំហាយ​ទឹក​ស្ងោរ​ល័ក្ត​មក​លាប​ ធ្មេញ​ឲ្យ​កូនស្រី​ដែល​ចេញពី​ម្លប់ ដោយ​ប្រសិទ្ធពរ​ឲ្យ​ទឹក​ល័ក្ត​នេះ ធ្វើឲ្យ​នាង​ក្លាយ​ជា​ស្រី​គ្រប់លក្ខណ៍​ពេញ​បរិបូណ៌​…​។ អ្នក​ទីទ័លក្រ មិន​មាន​លទ្ធភាព​រៀប​ពិធី​ចេញ​ម្លប់ ឲ្យ​កូនស្រី​អាច​យក​កូនស្រី​ខ្លួន​មក​ចូលរួម​ធ្វើ​ធ្មេញ​បំពេញ​លក្ខណ៍ ជាមួយ​កូនស្រី​ដែល​ចេញពី​ម្លប់ និង​មាន​ការយល់ព្រម​ផង ។​

​    ​ពិធី​ដេក​អង្ករ​រាប ៖ ពិធី​នេះ​មាន​លក្ខណៈ​ដូច​ពិធី​កោរ​ជុក​ដែរ ប្រសិនបើ​មាន​រៀបចំ​ពិធី​កោរ​ជុក​ហើយ​នោះ​មិនបាច់​ក៏​បាន​ដែរ តែ​ត្រូវ​ភ្ញាក់​ពេល​ទៀប​ភ្លឺ​រង់ចាំ​ទទួល​ពេលា ដើម្បី​សំពះ​ព្រះអាទិត្យ​ទៀត ។ នៅ​មុនពេល​នាង​ចេញពី​បន្ទប់​នោះ​មក កាន់​កន្លែង​ពិធី ត្រូវ​ស្លៀកពាក់​ដូច​កូនក្រមុំ​ពេល​រៀប​មង្គលការ ដៃ​កាន់​បាយព្រលឹង​មក​អង្គុយ​លើ​កម្រាលព្រំ ដែល​មាន​ញាតិ​មិត្ត​រង់ចាំ​ឲ្យ​ពរជ័យ ។ អាចារ្យ​សូត្រ​ប្រកាស​បួងសួង​ហើយ​ចាប់ផ្តើម​បង្វិលពពិល​ចំនួន ១៩ ជុំ ហើយ​ញាតិសណ្តាន​នាំគ្នា​ចងដៃ​ដោយ​អំ​បោះ ព្រមទាំង​ប្រាក់​កាស មាស​… ដើម្បី​ជូនពរ និង​ភ្ជាប់​ព្រលឹង​ឲ្យ​នាង ។ លុះ​ចប់ ហើយ​ញាតិមិត្ត​ដឹក​ដៃ​កូនស្រី​ទៅ​ក្នុង​បន្ទប់​វិញ ។​

​    ​ពិធី​សាកន្ទេល​និង​លក់​កន្ទេល ៖ អ្នកភ្លេង​ច្រៀង​រាំ​បណ្តើរ​ឆ្កឹះរ​មូរកន្ទេល​ដែល​កូនស្រី​អង្គុយ​សំពះ​ បង្វិលពពិល នោះ​បណ្តើរ ហើយ​យក​ដាក់​លើ​ស្មា ។ ច្រៀង​លក់​កន្ទេល​ចំពោះ​តែ​អ្នក​មាន​និស្ស័យ និង​អានុភាព ។ អ្នក​មាន​វាសនា ពេល​យក​ទៅ​ក្រាល​ដេក​កើត​មាស​កើត​ប្រាក់ ទ្រព្យសម្បត្តិ​…​។ ពេល​នោះ​សាមីខ្លួន​ត្រូវ​ចេញ​មក​សុំ​ទិញ​ហើយ​សន្មត​ថា ចប់​ពិធីលក់កន្ទេល ។ គេ​យក​ល័ក្ត​ដែល​បារ​ទុក​ខ្លះ​ពី​ការធ្វើ​ធ្មេញ​នោះ ឲ្យ​កូនស្រី​យក​ទៅ​កប់​នឹង​ចបជីក​ថ្មី​នៅ​លើ​ដី​ភូមិ​ណា​ដែល​ថា ឪពុក​ម្តាយ​បម្រុង​ចែក​ឲ្យ​ជា​កេរ្តិ៍​នោះ និង​ដាំ​ដើម​ចេក ដើម​អំពៅ​មួយ​ដើមៗ​ពីលើ ។ ជា​និមិត្តរូប​ថា ជីវិត និង​ការរស់នៅ​ក្នុង​សុភមង្គល​ផ្អែម​ដូច​ផ្លែ​ចេក​និង​ដើម​អំពៅ​ដែរ ។ ចាប់ពី​ពេលនេះ​ទៅ​នាង​អាច​ដើរ​ចេញ​ក្រៅ​បន្ទប់​ទៅ ណា​មក​ណា​បាន​ដោយ​សេរី​ហើយ ៕

Follow

Get every new post delivered to your Inbox.

%d bloggers like this: